តើនរណាជាអ្នកទទួលខុសត្រូវលើការបង្រៀននិយោជិតកម្ពុជាជំនាន់ក្រោយ?
- 2021-10-27 21:19:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើនរណាជាអ្នកទទួលខុសត្រូវលើការបង្រៀននិយោជិតកម្ពុជាជំនាន់ក្រោយ?
ចន្លោះមិនឃើញ
សហការជាមួយ Southeast Asia Globe
ក្នុងដំណើរឆ្ពោះទៅកាន់អនាគត រាល់ធាតុផ្សំទាំងអស់ សុទ្ធសឹងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ បានធ្វើការប្រកួតប្រជែងគ្នាផ្នែកសេដ្ឋកិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីទទួលចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសជិតជិតខាងរបស់ខ្លួន ដែលកំពុងតែមានការអភិវឌ្ឍលឿន។
ប៉ុន្តែ បើទោះបីកម្ពុជា មានការផ្លាស់ប្តូរខ្លាំងនៅក្នុងរយៈពេល១ទសវត្សរ៍ចុងនេះក៏ដោយ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងក្នុងពេលតែមួយ ពីអង្គភាពក្នុងស្រុក ដូចជា ភ្នាក់ងារជាតិការងារ និងមុខរបរ និងអង្គភាពកម្រិតពិភពលោកដូចជា ធនាគារពិភពលោក រកឃើញថា «គម្លាតជំនាញ» របស់ប្រទេសកម្ពុជា បានថយចុះយ៉ាងយឺត។ បើទោះបីកម្លាំងពលកម្មជាសកល ជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងតម្រូវការមិនជាក់លាក់នៃសង្គមឌីជីថលដែលមានការកើនឡើងក៏ដោយ ប៉ុន្តែ កម្ពុជា អាចនឹងចាញ់ប្រៀបខ្លាំង ប្រសិនបើវិស័យសាធារណៈ និងឯកជនរបស់ប្រទេសនេះ មិនអាចធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍រួមបានទេនោះ។
ដើម្បីអានព័ត៌មាននេះ ជាភាសាអង់គ្លេស សូមចូលទៅកាន់៖ Sea Globe
លោកម៉ សុភា អ្នកជំនាញផ្នែកបណ្តុះបណ្តាលនៅការិយាល័យប្រចាំកម្ពុជារបស់ធនាគារអភវិឌ្ឍន៍អាស៊ី បានឲ្យដឹងថា កាលពីមុន ភាគីពាក់ព័ន្ធទាំងអស់នេះ មិនអាចរកឲ្យឃើញមតិស្របគ្នាទៅលើរបៀបក្នុងការដោះស្រាយគម្លាតជំនាញឡើយ។
លោកសុភា បានឲ្យដឹងថា៖ «ភាគីទាំង២ដែលរួមមានវិស័យសាធារណៈ និងឯកជន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ វិស័យឯកជនបានយល់ឃើញថា នេះមិនមែនជាការទទួលខុសត្រូវរបស់ខ្លួនឡើយ ប៉ុន្តែ ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការផលិតកម្លាំងពលកម្មដែលមានគុណភាព»។
លោកសុភា បាននិយាយថា ការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្រនេះ បានបង្កើតឲ្យមានឧបសគ្គដ៏ធំមួយចំពោះការសហការគ្នា ដើម្បីដោះស្រាយលើបញ្ហាបណ្តុះបណ្តាលកម្មករ ឬការអប់រំជាបន្តបន្ទាប់។ ប៉ុន្តែ បច្ចុប្បន្ន លោកជឿជាក់ថា មេដឹកនាំឧស្សាហកម្ម នៅព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ចំណុចផ្លាស់ប្តូរមួយ ដើម្បីទទួលយកតួនាទីដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលជំនាញ។
គោលដៅនោះត្រូវបានធ្វើឲ្យសម្រេចមួយផ្នែកធំតាមរយៈការបណ្តាក់ទុននាពេលថ្មីៗនេះទៅលើបណ្តាញនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសរបស់កម្ពុជា ដែលជាចំណុចមនុស្សជាច្រើនមិនយកចិត្តទុកដាក់ជាយូរមកហើយកាលពីមុន។
ក្រោមជំនួយពីធនាគារអភិវឌ្ឍអាស៊ី ចាប់តាំងពីឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តផែនការសាកល្បងមួយស្តីពីមូលនិធិភិវឌ្ឍជំនាញ ដើម្បីកសាងភាពជាដៃគូរវាងអ្នកផ្តល់វគ្គបណ្តុះបណ្តាល និងអ្នកតំណាងឲ្យឧស្សាហកម្ម ពីមកវិស័យនានាដែលមានអាទិភាពខ្ពស់។
គោលដៅនៃមូលនិធិនេះ ដែលត្រូវបានដំណើរការជាមួយនឹងទឹកប្រាក់៥លានដុល្លារអាមេរិក ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចង់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើផ្នែកបច្ចេកទេស និងកម្មវិធីដែលផ្តល់មូលនិធិសម្រាប់វគ្គបណ្តុះបណ្តាលនានា ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការនៃចំណុចដែលមានការរីកចម្រើនទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ក៏ដូចជាសំណង់ អេឡិចត្រូនិក និងការផលិត ផងដែរ។
លោកសុភា បានបញ្ជាក់ថា មកទល់ពេលនេះ ឧស្សាហកម្ម បានធ្វើការលើការអភិវឌ្ឍរបស់កម្មវិធីបណ្តុះបណ្តាលរួមគ្នាចំនួន២០ ដែលបានផ្តល់ទៅឲ្យសិក្ខាកាមប្រមាណជា៤០០០នាក់ ចាប់តាំងពីឆ្នាំ២០១៨មក។ ការចំណាយរួមគ្នាពីវិស័យឯកជន គឺមានចន្លោះចាប់ពី២៥ ទៅ៥០% ដែលជាវិភាគទានទៅលើផ្នែកហិរញ្ញវត្ថុ ឬប្រភេទជាអំណោយនានា។ វិភាគទានជាអំណោយទាំងនោះ រួមមាន សម្ភារបណ្តុះបណ្តាល និងឧបករណ៍នានា ក៏ដូចជាពេលវេលាពីគ្រូឧទ្ទេសដែលមានបទពិសោធច្រើនក្នុងវិស័យឧស្សាហកម្ម។
ក្នុងឆ្នាំ២០២១នេះ ធនាគារអភិវឌ្ឍអាស៊ី មានគម្រោងផ្តល់វិភាគទានបន្ថែមចំនួន៧លានដុល្លារអាមេរិក ដើម្បីពង្រីកមូលនិធិសាកល្បង និងអភិវឌ្ឍសមត្ថភាពរដ្ឋាភិបាល ដើម្បីគ្រប់គ្រងកម្មវិធីនេះឲ្យបានប្រកបដោយនិរន្តរភាព។
លោកសុវភា បានឲ្យដឹងថា៖ «ខ្ញុំគិតថា បន្ទាប់ពីគម្រោងសាកល្បងនេះ និងរាល់កិច្ចខិតខំប្រឹងប្រែងកសាងការយល់ដឹង និងការផ្តល់ប្រឹក្សានានា ទីបំផុតវិស័យឯកជន បានចាប់អារម្មណ៍កាន់តែខ្លាំងលើការរៀបចំកម្មវិធីបែបនេះ។ ពួកគេយល់ដឹងពីកន្លែងដែលវិទ្យាស្ថានបណ្តុះបណ្តាល ត្រូវការការបណ្តាក់ទុន ហើយនរណាដែលអាចផ្តល់ឲ្យពួកគេនូវកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាព។ បន្ទាប់មក វិស័យឯកជន អាចសហការជាមួយនឹងស្ថាប័នបណ្តុះបណ្តាល ដើម្បីបង្កើតកម្មវិធីនានា និងបញ្ជូនទៅកាន់មូលនិធិអភិវឌ្ឍជំនាញសាកល្បង ដើម្បីទទួលបានកម្មវិធីបណ្តុះបណ្តាលទាំងនោះប្រកបដោយភាពជោគជ័យ»។
ផែនការការងាររវាងវិស័យសាធារណៈ និងឯកជនសម្រាប់ការបណ្តុះបណ្តាលថ្មីនេះ កំពុងតែបង្ហាញពីសញ្ញានៃការទទួលបានជោគជ័យនៅថ្ងៃអនាគត ហើយលោកសុភា បាននិយាយថា កម្ចីជាបន្តបន្ទាប់ពីធនាគារអភិវឌ្ឍអាស៊ី និងស្ថាប័នផ្សេងទៀត អាចធ្វើការពង្រីកវិសាលភាពបច្ចេកទេសកាន់តែឆាប់រហ័សបន្ថែមទៀត នៅព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែ បើយោងទៅតាមការស្រាវជ្រាវសេដ្ឋកិច្ចទៅលើផលវិបាករយៈពេលវែងនៃគម្លាតជំនាញ វាពិតជាលំបាកណាស់ក្នុងការនិយាយឲ្យហួសពីការពិតពីភាពចាំបាច់ចំពោះតម្រូវការសម្រាប់ការប្រមូលផ្តុំការបណ្តុះបណ្តាលក្នុងទំហំដ៏ធំ។
គ្រប់ករណីទាំងអស់ កម្មករនិយោជិតនៅព្រះរាជាណាចក្រកម្ពុជា ពិតជាមានផលវិបាកចំពោះការទទួលបានជំនាញ ខណៈដែលអង្គការពលកម្មអន្តរជាតិ បានបញ្ជាក់កាលពីឆ្នាំ២០១៨ថា ការរួមចំណែកក្នុងអត្រាចូលរួមកម្លាំងពលកម្មសរុប គឺជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់បំផុតនៅអាស៊ី។
ប៉ុន្តែ ស្របពេលជាមួយគ្នានេះ អង្គការជាច្រើន ដូចជា ធនាគារពិភពលោក បានបង្ហាញពីកង្វល់ដ៏ធំស្តីពីការខ្វះជំនាញ និងផលវិបាកផ្នែកសេដ្ឋកិច្ចរយៈពេលវែងជាសក្តានុពលរបស់ខ្លួន។
អ្នកនិពន្ធរបាយការណ៍ការងារនាពេលអនាគតរបស់កម្ពុជាឆ្នាំ២០១៩ ឲ្យធនាគារពិភពលោក កត់សម្គាល់ឃើញថា កម្មករជាមធ្យម នៅកម្ពុជា ទទួលបានការអប់រំសរុបតិចជាង ៦,៥ឆ្នាំ និងមានឱកាសតិចតួចណាស់ក្នុងការរៀនសូត្រពីជំនាញថ្មី នៅក្នុងអាជីពរបស់ពួកគេ។ របាយការណ៍ដដែល បង្ហាញថា ក្រុមហ៊ុនច្រើនជាង១៧% ដែលត្រូវបានស្ទង់មតិដោយធនាគារ បានរកឃើញថា «កម្លាំងពលកម្មដែលមានជំនាញមិនគ្រប់គ្រាន់» គឺជាឧបសគ្គក្នុងការធ្វើអាជីវកម្ម ខណៈដែលនៅអាស៊ីខាងកើតកើត មានតែឡាវប៉ុណ្ណោះ ដែលឈរលើគេ។
បើក្រឡេកមើលឆ្នាំនៃការរកឃើញដូចគ្នានេះ លោកជា តារា ដែលជាអ្នកស្រាវជ្រាវម្នាក់ នៅអង្គការ វិទិការអនាគត Future Forum មើលឃើញពីលំនាំដែលកើតឡើងដដែលៗនៃភាពមិនស៊ីសង្វាក់គ្នារវាងប្រព័ន្ធអប់រំ និងទីផ្សារការងារ។
លោកតារា បានឲ្យដឹងថា៖ «យ៉ាងណាមិញ នៅពេលដែលសិស្ស-និស្សិត កំពុងបញ្ចប់ការអប់រំ ឬកម្មវិធីបណ្តុះបណ្តាលរបស់ពួកគេ ជំនាញដែលពួកគេបានទទួល មិនមានតម្រូវការជាពិសេសនៅក្នុងទីផ្សារការងារឡើយ។ គម្លាតទំនាញ គឺជាបញ្ហាដ៏ធំមួយ [នៅកម្ពុជា] ដែលបង្ហាញប្រាប់យើងថា មានការបរាជ័យលើផ្នែកផ្គត់ផ្គង់ពោលគឺប្រព័ន្ធអប់រំតែម្តង»។
អ្នកនិពន្ធជាច្រើនរបស់ធនាគារពិភពលោក បានអធិប្បាយយ៉ាងវែងនអន្លាយទៅលើភាពបរាជ័យនោះ នៅក្នុងរបាយការណ៍ ការងារនាពេលអនាគតរបស់ពួកគេ។
ក្នុងពេលសង្កត់ធ្ងន់ទៅលើភាពយឺតយ៉ាវនៃការធ្វើឲ្យល្អប្រសើរឡើងក្នុងវិស័យអប់រំ អ្នកនិពន្ធដាស់តឿនរំឭកក្នុងរបាយការណ៍ថា ប្រព័ន្ធសាលារៀនលក្ខខណៈប្រពៃណី ប្រហែលជា «មិនមែនជាដំណោះស្រាយ» ចំពោះកម្លាំងការងារពេលបច្ចុប្បន្នឡើយ។ អ្នកនិពន្ធទាំងនោះ ក៏បានបង្ហាញឲ្យឃើញពីបញ្ហាប្រឈមនានាដែលនៅចំពោះមុខ ក្នុងនោះរាប់បញ្ចូលទាំងប្រព័ន្ធ «ដែលត្រូវបានបំបែកជាកំណាត់ៗ និងតូចៗ» ស្តីពីការអភិវឌ្ឍជំនាញដែលមានក្នុងពេលចេញផ្សាយ។
នៅក្នុងអ៊ីម៉ែលឆ្លើយទៅកាន់ Globe លោកហេង សួ អ្នកនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយថា ក្រសួង កំពុងតែធ្វើការជាមួយនឹងអង្គការជាដៃគូជាច្រើន ដើម្បីយល់ឲ្យកាន់តែច្បាស់លើចំណុចនានាដែលត្រូវធ្វើការកែសម្រួលឲ្យល្អប្រសើរឡើង។ ភាពជាដៃគូទាំងនោះរួមមាន កិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមអភិវឌ្ឍអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍអាស៊ី និងអង្គភាពគាំទ្រដោយរដ្ឋរួមមាន ភ្នាក់ងារអភិវឌ្ឍបារាំង និងភ្នាក់ងារអភិវឌ្ឍជប៉ុនហៅកាត់ថា JICA។
ទាក់នឹងខាងសាជីវកម្មវិញ លោកហេង សួ បានបញ្ជាក់ថា ក្រសួង បានធ្វើការជាមួយនឹងក្រុមហ៊ុនលក់រថយន្ត Toyota និងក្រុមហ៊ុនពហុសាជីវកម្មក្នុងស្រុកមួយចំនួនដូចជា ខេ ស៊ីមែន និងជីប ម៉ុង ដើម្បីវាស់វែងតម្រូវការរបស់ទីផ្សារការងារក្នុងស្រុក។
លោកមិនបានរៀបរាប់ឲ្យបានលម្អិតពីការសហការគ្នាទាំងនេះឡើយ ប៉ុន្តែ លោកហេង សួ បានផ្តល់ទិន្នន័យពីការរបាយការណ៍អង្កេតដែលប្រមូលបានសម្រាប់របាយការណ៍ការងារឆ្នាំ២០២០ និងត្រូវបានផលិតដោយភ្នាក់ងារការងារជាតិ (NEA) ដោយរបាយការណ៍នេះ បានបង្ហាញទាំងជំនាញដែលនិយោជិតកម្ពុជាភាគច្រើនឲ្យតម្លៃ និងគិតថា មានតម្រូវការខ្ពស់នាពេលអនាគត ក៏ដូចជាទំនាញ ដែលត្រូវបានចាត់ទុកថា កំពុងតែខ្វះខាតបំផុតក្នុងទីផ្សារការងារថ្មី ផងដែរ។
ជំនាញដែលត្រូវការជាចាំបាច់ និងកំពុងតែខ្វះខាតជាងគេចំនួន៤ រួមមានភាសាអង់គ្លេស ជំនាញផ្នែកបច្ចេកទេស ទំនាញដោះស្រាយបញ្ហា និងជំនាញអនុវត្តផ្ទាល់។
ទាក់នឹងផ្នែកផ្សេងទៀតស្តីពីការអង្កេតដដែលនេះដែលនិយាយពីសេចក្តីលម្អិតពីដើមហេតុនៃនានា «នៃទីផ្សារការងារដែលពិបាករកអ្នកបំពេញ» ក្នុងបញ្ជីឈ្មោះបុគ្គលិក និយោជកជាច្រើន បានបញ្ជាក់ប្រាប់ភ្នាក់ងារការងារជាតិថា ពួកគេមានការពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផ្សេង ដើម្បីទាក់ទាញបេក្ខភាពដែលឆ្លងកាត់ការបណ្តុះបណ្តាល។
ករណីពិតទាំងនេះ ស្ទើរតែមិនមានព្រំដែនឡើយចំពោះកម្ពុជា ប៉ុន្តែ វាជារឿងធម្មតាសម្រាប់និយោជកក្នុងស្រុក ក្នុងការធ្លាក់ចូលក្នុងឧបសគ្គទាំងនេះ នៅពេលដែលស្វែងអ្នកជំនាញផ្នែកបច្ចេកទេស ឬជំនាញជាន់ខ្ពស់។
លោក Ken White នាយកគេហទំព័រស្វែងរកការងារធ្វើរបស់កម្ពុជា Bongthom.com បានបញ្ជាក់ថា បើទោះបីគេហទំព័ររកការងារធ្វើរបស់លោក បានបង្ហាញពីនិន្នាការឆ្ពោះទៅកាន់ទីតាំងរឹងមាំជាងមុននៃការប្រមូលផ្តុំដោយអ្នកមានទេពកោសល្យដែលបានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងស្រុកក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនជាច្រើន ដែលលោកធ្វើការជាមួយ នៅតែមានតម្រូវការខ្ពស់ជាងនេះ ដើម្បីជួលបុគ្លលិកជាន់ខ្ពស់។
លោក White បានឲ្យដឹងថា៖ «ខ្ញុំគិតថា ការងារជាច្រើនដូចជាការងារប្រតិបត្តិកម្រិតខ្ពស់ នៅតែត្រូវបានបំពេញដោយអ្នកដែលមកពីខាងក្រៅ ឬអ្នកដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស។ ការងារទាំងនោះ មិនត្រឹមតែត្រូវការចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវការបទពិសោធផងដែរ»។
ការខ្វះខាតនិយោជិតដែលទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេស មិនធ្វើឲ្យបាត់បង់សន្ទុះនៃសដ្ឋកិច្ចកម្ពុជា ឡើយ ខណៈដែលភាគីពាក់ព័ន្ធសង្ឃឹមថា នឹងជួយជំរុញឲ្យប្រទេសនេះក្លាយជាប្រភពផ្តល់ប្រាក់ខែខ្ពស់ នៅត្រឹមឆ្នាំ២០៥០។
វិលត្រឡប់ទៅកាន់ក្រសួងការពារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានបញ្ជាក់ថា ការិយាល័យរបស់លោកបានសហការជាមួយនឹងក្រសួងជាច្រើនដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីព្យាយាមជំរុញឲ្យមានការផ្លាស់ប្តូរក្នុងកម្លាំងពលកម្ម ដូចជា ការផ្លាស់ប្រព័ន្ធអប់រំ និងលើកកម្ពស់ឱកាសការងារសម្រាប់ស្ត្រី ផងដែរ។
ការកែទម្រង់កាន់តែទូលាយបន្ថែមទៀតលើវិស័យអប់រំសាធារណៈរបស់កម្ពុជា ដែលបានជួបផលវិបាកអស់រយៈពេលជាយូរមកហើយជាមួយនឹងការខ្វះធនធាននានា ក្នុងនោះរាប់បញ្ចូលទាំងគ្រូបង្រៀនដែលទទួលបានប្រាក់ខែតិច និងទទួលការបណ្តុះបណ្តាលតិចតួចផងដែរ អាចជាច្រកចេញមួយ។
ស្របពេលជាមួយគ្នានេះ គ្រាប់ពូជនៃដំណោះស្រាយពីវិស័យឯកជន ចំពោះគម្លាតទំនាញ បានផ្តល់ផ្លែផ្កាហើយ ដោយភាគច្រើននៃសមិទ្ធផលទាំងនេះ បានកើតចេញពីការខិតខំព្យាយាមជាច្រើន ពោលគឺចាប់ពីកម្មវិធីសប្បុរសធម៌ រហូតដល់វគ្គបណ្តុះបណ្តាលបច្ចេកទេស។
DataU ដែលជាក្រុមហ៊ុនវិភាគទិន្នន័យ និងជាក្រុមហ៊ុនស្វែងរកការងារឲ្យធ្វើ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពជួយផ្តល់វគ្គបណ្តាលផ្នែកបច្ចេកទេស។ ក្រុមហ៊ុននេះ បានដំណើរការ DataU ដើម្បីផ្តល់ការបណ្តុះបណ្តាលឧស្សាហកម្មដើម្បីដុះខាត់ជំនាញអ្នកវិភាគ។ មកទល់ពេលនេះ សិក្ខាកាម២៥នាក់ បានឆ្លងកាត់ការបណ្តុះនេះ ហើយសិក្ខាកាម៤៥នាក់ផ្សេងទៀត នឹងត្រូវចាប់ផ្តើមវគ្គបណ្តុះបណ្តាលរបស់ខ្លួនក្នុងឆ្នាំ២០២១នេះវិញ៕
ប្រភពព័ត៌មាន៖ Sea Globe