Sabay ចាប់ដៃគូជាមួយ SEA Globe ចេញផ្សាយព័ត៌មានវិភាគសេដ្ឋកិច្ចបែបស៊ីជម្រៅ លើបវេបសាយថ្មី "Sabay News Business"
- 2021-10-31 17:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sabay ចាប់ដៃគូជាមួយ SEA Globe ចេញផ្សាយព័ត៌មានវិភាគសេដ្ឋកិច្ចបែបស៊ីជម្រៅ លើបវេបសាយថ្មី "Sabay News Business"
ចន្លោះមិនឃើញ
Sabay ដែលជាវេបសាយសារព័ត៌មានឈានមុខគេនៅកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការប្រកាសពីការសហការគ្នាជាមួយនឹង Southeast Asia Glob (SEA Globe) ដែលជាគេហទំព័រចេញផ្សាយព័ត៌មានបែបស៊ីជម្រៅស្តីពីកម្ពុជា និងក្នុងតំបន់ជាភាសាអង់គ្លេស ដើម្បីពង្រីកការចេញផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយមួយកម្រិតទៀតលើគេហទំព័រថ្មីរបស់ខ្លួន។
ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យ Sabay អាចដកស្រង់ព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ចក្នុងស្រុក និងអន្តរជាតិ មកប្រែសម្រួលជាភាសាខ្មែរ ដើម្បីចេញផ្សាយនៅលើគេហទំព័រព័ត៌អាជីវកម្ម business.sabay.com.kh ដែលជាវេបសាយទើបបង្កើតថ្មីរបស់បណ្តាញសារព័ត៌មានឌីជីថលមានវ័យចំណាស់មួយនេះ។
កាន់តែពិសេសទៅទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រិយមិត្តអ្នកអាន ក្នុងការស្វែងព័ត៌មានបែបស៊ីជម្រៅ ស៊ើបអង្កេត និងវិភាគ វេបសាយព័ត៌មានអាជីវកម្មរបស់ Business Sabay ក៏បានបង្កើតផ្នែកព័ត៌មានឈ្មោះថា «វិភាគដោយ SEA Globe» ផងដែរ នៅលើទំព័រថ្មីរបស់ខ្លួន។
កញ្ញាផាត ស្រីមុំ ប្រធានផ្នែកលក់ប្រចាំ Sabay Digital Plus ជឿជាក់ថា ភាពជាដៃគូនេះ នឹងជួយឲ្យផ្នែកព័ត៌មានសេដ្ឋកិច្ចរបស់ Sabay អាចបន្ថែមព័ត៌មានកាន់តែទូលំទូលាយ និងសម្បូរបែបបន្ថែមទៀតលើគេហទំព័រថ្មី ផ្នែកព័ត៌មានសេដ្ឋកិច្ចរបស់ខ្លួន។
កញ្ញាបានឲ្យដឹងថា៖ «ជាមួយនឹងភាពជាដៃគូនេះ ប្រិយមិត្តអ្នកអានដែលចូលចិត្តអានព័ត៌មានបែបស៊ីជម្រៅ នឹងទទួលបទពិសោធថ្មី ក៏ដូចជាទទួលយកចំណេះដឹងបន្ថែមទាក់ទងនឹងព័ត៌មានសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែ ទោះបីជាយ៉ាងណា Sabay នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ គឺ Inform, Inspire និង Entertain ជានិច្ច»។
លោក Daniel Marchette ប្រធានគ្រប់គ្រងទូទៅនៅគេហទំព័រ SEA Globe បានឲ្យដឹងថា៖ «SEA Globe បានធ្វើការដើម្បីចេញផ្សាយព័ត៌មានប្រកបដោយគុណភាព និងមានភាពជឿជាក់ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ យើងពិតជារំភើបណាស់ក្នុងការចាប់ដៃគូជាមួយនឹង Sabay ខណៈដែលនេះគឺជាភាពជាដៃគូមួយដែលអនុញ្ញាតឲ្យចែករំលែករឿងរ៉ាវនានា ជាភាសាខ្មែរ ហើយជាការរំពឹងទុក ព័ត៌មានទាំងនេះ នឹងជ្រាបដល់ពលរដ្ឋកម្ពុជាដែលខ្វល់ខ្វាយ និងចង់ដឹងពីអនាគតប្រកបដោយស្ថិរភាព កាន់តែច្រើនបន្ថែមទៀត»។
ក្នុងអត្ថបទដែលប្រែសម្រួលពី SEA Globe ក៏មានការផ្តល់ជូន Link ដើម្បីអាចឲ្យអ្នកអានអាចចូលមើលអត្ថបទដើមជាភាសាអង់គ្លេស និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតនៅលើគេហទំព័រមួយនេះ ផងដែរ៕