វិបត្តិនៃការផ្លាស់ប្តូរអាកាសធាតុ តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រឈមនឹងជំងឺដែលឆ្លងតាមសត្វមូស
- 2021-11-14 22:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបត្តិនៃការផ្លាស់ប្តូរអាកាសធាតុ តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រឈមនឹងជំងឺដែលឆ្លងតាមសត្វមូស
ចន្លោះមិនឃើញ
សហការជាមួយ Southeast Asia Globe
ក្នុងចំណោមហានិភ័យធំៗជាច្រើនដែលផ្តល់ផលប៉ះពាល់ដោយផ្ទាល់ ការផ្លាស់ប្តូរអាកាសធាតុ កំពុងគំរាមដល់ដំណើរវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ ដែលអាស៊ី-ប៉ាស៊ីហ្វិក បានខិតខំប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺដែលបង្ករឡើដោយសារតែសត្វមូស ជាពិសេស ជំងឺគ្រុនចាញ់។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ចិន និងស្រីលង្កា ជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់ ហើយប្រទេសស្ថិតក្នុងអនុតំបន់ទន្លេមេគង្គមួយចំនួនដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏កំពុងតែស្ថិតក្នុងដំណើរការយ៉ាល្អ ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលដូចគ្នានេះ ផងដែរ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ការផ្លាស់ប្តូរអាកាសធាតុ កំពុងតែផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សមត្ថភាពក្នុងតំបន់នេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងកម្ទេចជំរកសត្វមូសដែលអាចបង្ករជាជំងឺគ្រុនចាញ់បាន។ ប្រសិនបើមិនមានការចាត់វិធានការប្រកបដោយភាពស៊ីសង្វាក់គ្នាទេនោះ ការផ្លាស់ប្តូរអាកាសធាតុអាចនឹងធ្វើឲ្យជំងឺគ្រុនចាញ់រកឃើញផ្លូវវិលត្រឡប់មកវិញ និងពង្រីកវិសាលភាពរបស់ពួកវាជាថ្មី។
របាយការណ៍ដ៏គួរឲ្យបារម្ភកាលពីខែសីហា ឆ្នាំ២០២១ នេះ ដែលចេញដោយក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរអាកាសធាតុ (IPCC) បង្ហាញឲ្យឃើញពីមូលហេតុថ្មីដ៏គួរឲ្យបារម្ភ។
ជាសកល របាយការណ៍នេះ ផ្តល់ការរំឭកថា តុណ្ហភាពផ្ទៃមធ្យមរបស់ផែនដី អាចនឹងកើនឡើងយ៉ាងហោចណាស់ ១,៥អង្សាសេ នៅក្នុងរយៈពេល២០ឆ្នាំទៀត។ បើទោះបីសីតុណ្ហភាព អាចនឹងមិនកើនឡើងខ្លាំងនៅតំបន់ត្រូពិកអាស៊ីក៏ដោយ ប៉ុន្តែតំបន់នេះ នឹងប្រឈមនឹងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្របពេលដែលការធ្លាក់ភ្លៀងខ្លាំងនេះ មានកម្រិតកាន់តែខ្លាំង ដែលនាំឲ្យមានគ្រោះទឹកជំនន់កាន់តែធំ ក៏ដូចជាកើនឡើងរលកកម្តៅ និងសំណើមកាន់តែច្រើន ផងដែរ។
ការកើនឡើងសីតុណ្ហភាពកាន់តែខ្ពស់ និងការធ្លាក់ភ្លៀងកាន់តែខ្លាំង នឹងផ្តល់ភាពអំណោយផលដល់សត្វមូស ដែលបង្កាត់ពូជនៅក្នុងទឹកនឹង ជាពិសេសពពួកសត្វមូសដែលអាចចម្លងជំងឺគ្រុនចាញ់បានឈ្មោះថា Anopheles។
ស្របពេលដែលសត្វល្អិតនានា អាចវិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស នៅក្នុងសីតុណ្ហភាពខ្ពស់ ហើយខណៈដែលសីតុណ្ហភាព បន្តកើនឡើងជាលំដាប់ទូទាំងអាស៊ី ពពួកសត្វមូស Anopheles ក៏នឹងកើនឡើងដែលអាចមិនអាចចៀសរួចរួមជាមួយនឹងសត្វល្អទាំងនោះនៅក្នុងតំបន់ថ្មីជាច្រើន ផងដែរ។
បើទោះបីវាមានការលំបាកក្នុងការកំណត់រកកន្លែងដែលករណីបែបនេះអាចនឹងកើតឡើងក៏ដោយ ប៉ុន្តែ ការព្យាករក្នុងរបាយការណ៍ IPCC បញ្ជាក់ថា ជុំវិញទន្លេមេគង្គ និងទន្លេ Indus គឺជាកន្លែងមានភាពអំណោយផលបំផុតដល់ពពួកសត្វមូសទាំងនោះ។
ផលប៉ះពាល់នានាចំពោះប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតំបន់ទាំងនេះ ពិតជាមានទំហំធំ ខណៈដែលអស់រយៈពេលជាយូរមកហើយ ពោលគឺនៅមុនពេលការចេញរបាយការណ៍ចុងក្រោយបំផុតរបស់ IPCC ទៅទៀត អង្គការសុខភាពពិភពលោកបានព្យាករថា ការផ្លាស់ប្តូរអាកាសធាតុ នឹងធ្វើឲ្យមានអ្នកស្លាប់ដោយសារតែជំងឺគ្រុនចាញ់ចំនួន៦០០.០០០នាក់បន្ថែមទៀតក្នុង១ឆ្នាំ នៅចន្លោះឆ្នាំ២០៣០ និង២០៥០ ដែលជាការកើនឡើងដល់ទៅ១៥%។
ហេតុផលមួយដែលយើងលំបាកក្នុងការដឹងឲ្យច្បាស់ពីរបៀប និងទីកន្លែងក្នុងការផ្លាស់ប្តូរអាកាសនៅអាស៊ី ដែលនឹងមានផលប៉ះពាល់ដ៏ធំបំផុតដោយសារតែជំងឺគ្រុនចាញ់ គឺដោយសារតែទិន្នន័យដែលភ្ជាប់ចំណុចទាំង២នេះ ក៏មានបូកបញ្ចូលតំបន់ដែលបានធ្វើឲ្យមានការវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ផងដែរ ក្នុងការកម្ចាត់ជំងឺគ្រុនចាញ់ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។
ចាប់តាំងពីឆ្នាំ២០០០ ប្រទេសជាប់ទន្លេមេគង្គចំនួន៥ បានកាត់បន្ថយករណីជំងឺគ្រុនចាញ់ និងការស្លាប់បានច្រើនជាង៩០% ខណៈដែលករណីភាគច្រើនបំផុតនៅកម្ពុជា មីយ៉ាន់ម៉ា និងថៃ បច្ចប្បន្ន បានកើតឡើងតែនៅក្នុងសហគមន៍ដាច់ស្រយាល និងព្រៃភ្នំ ប៉ុណ្ណោះ។
ទំនាក់ទំនងដែលច្បាស់លាស់បំផុត បង្ហាញឲ្យឃើញនៅក្នុងទិន្នន័យដែលប្រមូលបាននៅចន្លោះឆ្នាំ២០០៩ និង២០១៥ ក្នុងប្រទេសវៀតណាម។ ក្រុមអ្នកស្រាវជ្រាវនៅទីនោះ បានរកឃើញថា ការកើនឡើងសីតុណ្ហភាពជាអតិបរមា ១អង្សាសេ ទំនងដូចជានាំឲ្យមានការកើនឡើង១,៦%នៃចំនួនព្រីវ៉ាឡង់របស់ Plasmodium vivax ជាប៉ារ៉ាស៊ីតទូទៅ ដែលបង្ករឲ្យជំងឺគ្រុនចាញ់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ករណីនេះ ប្រហែលជាត្រូវបានគេមើលរំលង ប៉ុន្តែ សូមចងចាំក្នុងចិត្តថា ជំងឺគ្រុនចាញ់ ហាក់ដូចជាមានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងសហគមន៍ងាយរងគ្រោះ ដែលកំពុងរង់នៅតាមជនបទ និងតំបន់ដាច់ស្រយាល ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ។
បញ្ហានេះ អាចនឹងនាំឲ្យមានការកើនឡើងនូវផលប៉ះពាល់ដ៏ធំដោយសារតែជំងឺគ្រុនចាញ់។ ដោយសារតែការអង្កេតមើលទៅលើជំងឺក្នុងសហគមន៍ទាំងនេះ ក៏មានកម្រិតខ្សោយ ការផ្ទុះការឆ្លងថ្មី អាចនឹងរាតត្បាត ដោយមិនដឹង។ ទំនោនេះ បង្ហាញជាភស្តុតាងឲ្យឃើញរួចជាស្រេចនៅតំបន់ភ្នំភាគឦសាន្តនៃរដ្ឋ Mizoram ប្រទេសឥណ្ឌា។
បើទោះបីឥណ្ឌា បានមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងលើករណីជំងឺគ្រុនចាញ់ ក្នុងរយៈពេល១ទសវត្សរ៍ចុក្រោយក៏ដោយ ប៉ុន្តែ ករណីឆ្លងប្រចាំឆ្នាំនៅរដ្ឋ Mizoram បានកើនឡើរហូតដល់៤០% នៅចន្លោះឆ្នាំ២០០៧ និង២០១៩។
ដើមហេតុមួយចំនួននៃការកើនឡើងនេះ គឺដោយសារតែប្រជាពលរដ្ឋជិតពាក់កណ្តាលក្នុងរដ្ឋនេះ រស់នៅតាមតំបន់ទួលដាច់ស្រយាល ដោយនាំឲ្យការគ្រប់គ្រងជំងឺគ្រុនចាញ់កាន់តែមានការលំបាក។ ប៉ុន្តែ ដើមហេតុមួយចំនួនទៀត គឺដោយសារតែការកើនឡើងសុតុណ្ហភាអប្បរមាជាមធ្យមប្រហែល០,៨អង្សាសេ អំឡុងពេលនៃរដូវកាលភ្លៀង ដែលរដ្ឋ Mizoram បានជួបប្រទះក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ដែលបង្កើតឲ្យមានលក្ខខណ្ឌអាកាសធាតុកាន់តែអំណោយផល់មួយកម្រិតទៀតសម្រាប់សត្វមូស។
ប៉ុន្តែ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅតំបន់ទាំងនេះ ប្រហែលជាមានបញ្ហាតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងសញ្ញានានាដែលជំងឺនេះកំពុងតែបង្ហាញនៅតាមតំបន់ថ្មីៗ។
ជាឧទាហរណ៍ នៅតាមជើងភ្នំហិម៉ាឡៃ ប្រទេសនេប៉ាល់ សត្វមូសដែលចម្លងជំងឺគ្រុនចាញ់ កាលពីពេលថ្មីៗនេះ ត្រូវបានគេរកឃើញរស់នៅក្នុងរយៈកម្ពស់ដល់ទៅ២៣០០០ម៉ែត្រ ពីលើកម្ពស់ទឹកសមុទ្រ ក៏ដូចជាខ្ពស់ជាងជំរកជាធម្មតារបស់ពួកវារហូតដល់ទៅ១២០០ម៉ែត្រ។ សត្វមូស Anopheles ក៏កំពុងតែចាប់ផ្តើមបង្ហាញខ្លួននៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសប៉ាពូញូវហ្គីណេ ផងដែរ។
ការរក្សាវឌ្ឍនភាពរបស់តំបន់នេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងចៀសផុតពីការកើតឡើវិញ ឬការផ្ទុះការឆ្លងនានា ដោយសារតែការផ្លាស់ប្តូរអាកាសធាតុ នឹងតម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ពីរដ្ឋាភិបាលទាំងមូលដែលរួមបញ្ចូលនូវមន្ត្រីជំនាញនានា មិនត្រឹមតែនៅក្នុងវិស័យសុខាភិបាល ប៉ុន្តែ ក៏នៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ ហេដ្ឋារចនាសម្ព័ន្ធ ឧតុនិយម ទឹក និងអនាម័យ។
ជាឧទាហរណ៍ ស្របពេលដែលការកើនឡើងសីតុណ្ហភាព និងការធ្លាក់ភ្លៀងខ្លាំង អំណោយផលដល់ជំរកសត្វមូស ការព្យាករអាកាសធាតុ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាករពីកន្លែងដែលត្រូវប្រើប្រាស់ប្រព័ន្ធស្វែងរក គ្រប់គ្រង និងចៀសផុតពីការផ្ទុះការឆ្លងថ្មីនៃជំងឺគ្រុនចាញ់។
កោះ Solomon គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលកំពុងតែនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ កម្មវិធីគ្រប់គ្រងជំងឺឆ្លងដោយសារតែសត្វល្អិតខាំ បានបង្កើតប្រវត្តិឲ្យសញ្ញាជាមុន និងតាមតានជំងឺគ្រុនចាញ់ មានឈ្មោះថា MalaClim ដែលប្រើប្រាស់ទិន្នន័យនៃការធ្លាក់ភ្លៀងពីសេវាឧតុនិយមរបស់ប្រទេសនេះ ដើម្បីបង្កើតសន្ទស្សន៍ហានិភ័យស្តីពីជំងឺគ្រុនចាញ់ផ្អែកលើអាកាសធាតុ និងព្យាករពីការផ្ទុះការឆ្លងជំងឺគ្រុនចាញ់។
ស្រងដៀងគ្នានេះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌា និងក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា កំពុងតែធ្វើការរួមគ្នា ដើម្បីសិក្សាពីទំនាក់ទំនងរវាងអាកាសធាតុ និងជំងឺគ្រុនចាញ់ នៅរដ្ឋភាគខាងកើត ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានអត្រាជំងឺគ្រុនចាញ់ខ្ពស់ជាងគេបំផុតរបស់ប្រទេសនេះ។
កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីទប់ស្កាត់ការកកើតរបស់សត្វមូស ក៏ចាំបាច់ត្រូវតែទាមទារការយកចិត្តទុកដាក់ខ្ពស់ផងដែរទៅលើកត្តាប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម។ ចំណុចនេះមានភាពជាក់ស្តែងជាពិសេស នៅពេលដែលគិតពីផលប៉ះពាល់ដោយសារតែការគម្រោងអភិវឌ្ឍនានាដូចជា ការកាប់ព្រៃឈើ ការសម្អាតដីធ្វើកសិកម្ម ការជីកយករ៉ែ និងការបណ្តាក់ទុនឧស្សាហកម្មផ្សេងទៀត នៅតំបន់ដាច់ស្រយាល ដែលមានសហគមន៍មានសេវាសុខាភិបាលនៅមានកម្រិត និងប្រព័ន្ធតាមដានខ្សោយ។
ជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់អាស៊ី-ហ្វាស៊ីហ្វិក ចាំបាច់ត្រូវតែឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុ តាមរយៈការបង្កើប្រព័ន្ធអូកូឡូស៊ីសុខាភិបាលដ៏រឹងមាំមួយ ដែលអាចសម្របសម្រួលជាមួយនឹងភ្នាក់ងារផ្សេងៗ ដើម្បីបង្កើតគោលនយោបាយផ្អែកលើភស្តុតាងសម្រាប់ការអនុវត្តការអន្តរាគមន៍ដែលសមស្រប។
អ្នកជំនាញនានា ត្រូវតែសហការគ្នា ដើម្បីទាញយកផលប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យា ដើម្បីព្យាករពីកន្លែងថ្មីដែលបង្ករឲ្យមានជំងឺគ្រុនចាញ់ដែលឆ្លងតាមសត្វមូស។
ស្របពេលដែលរបាយការណ៍ IPCC កត់សម្គាល់ថា វាយឺតពេលហើយក្នុងការលុបចោលឥទ្ធិពលមួយចំនួនពីការផ្លាស់ប្តូរអាកាសធាតុ។ ប៉ុន្តែ វាមិនយឺតពេលនោះទេ ក្នុងការទប់ស្កាត់ការផ្លាស់ប្តូរអាកាសធាតុមិនឲ្យរារាំងដល់ដំណើរការវិវឌ្ឍឆ្ពោះទៅមុខឲ្យដើរថយក្រោយវិញ តាមរយៈការលុបបំបាត់ឥទ្ធិពលអវិជ្ជមានដោយសារតែជំងឺគ្រុនចាញ់ លើជីវិតមនុស្សរាប់លាននាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕
ប្រភពព័ត៌មាន៖ Sea Globe