សាំងទើបតែធ្លាក់ថ្លៃមិនបានប៉ុន្មានផង OPEC+ គិតពីការកំណត់គោលនយោបាយផ្គត់ផ្គង់

  • 2021-12-01 21:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមប្រទេសនាំចេញប្រេងហៅកាត់ថា OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្រេចថា តើត្រូវបញ្ចេញលក់ប្រេងបន្ថែមទៀត នៅលើទីផ្សារ ឬបង្អាក់ការផ្គត់ផ្គង់ ស្របពេលដែលមានការប្រែប្រួលយ៉ាងគំហុកទៅលើតម្លៃប្រេងឆៅ ការបញ្ចេញប្រេងរបស់អាមេរិកពីកន្លែងស្តុកប្រេង និងការព្រួយបារម្ភអំពីការផ្ទុះការឆ្លងវីរុសកូរ៉ូណាថ្មី អូមីក្រុង។

តម្លៃប្រេង បានធ្លាក់ចុះជិត៧០ដុល្លារអាមេរិក ក្នុង១បារ៉ែល (ស្មើនឹង១៥៩លីត្រ) កាលពីថ្ងៃអង្គារ ដែលជាធ្លាក់ចុះដ៏ទាប បើធៀបទៅនឹងតម្លៃដែលខ្ពស់ជាង៨៦ដុល្លារ កាលពីខែតុលា។

តម្លៃប្រេង បានធ្លាក់ចុះតម្លៃប្រចាំខែរបស់ខ្លួនយ៉ាងទាបបំផុតក្នុងខែវិច្ឆិកា បើគិតចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺកូវីដ ១៩ ស្របពេលដែលវីរុសបំប្លែងថ្មី បានធ្វើឲ្យមានការបារម្ភខ្លាំងដល់ការផ្គត់ផ្គង់ហួសតម្រូវការ។

តម្លៃប្រេងឆៅ កំពុងតែលក់ដូរលើទីផ្សារ មានតម្លៃត្រឹមតែ៧២ដុល្លារប៉ុណ្ណោះ ក្នុង១បារ៉ែល កាលពីថ្ងៃពុធ។ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនបានយល់ស្របជាមួយនឹងអាមេរិក ដែលបានស្នើឲ្យអង្គភាពនេះ បង្កើនការផ្គត់ផ្គង់ដើម្បីជួយដល់សេដ្ឋកិច្ចទូទាំងសកលឡើយ។

ក្រុមប្រទេសផលិតប្រេងជាច្រើន បានបញ្ជាក់ថា ពួកគេមិនចង់បង្អាក់ដំណើរងើបឡើងវិញរបស់ឧស្សាហកម្មថាមពលដែលកំពុងតែទន់ខ្សោយ ជាមួយនឹងបញ្ហាការផ្គត់ផ្គង់ហួសតម្រូវការឡើយ។

លោក Diamantino Pedro Azevedo រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសអង់ហ្គោឡា និងប្រធាន OPEC បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ស្ថិតក្នុងពេលមិនច្បាស់លាស់បែបនេះ វាពិតជាសំខាន់ណាស់ដែល យើង រួមជាមួយនឹងប្រទេសផ្សេងដែលមិនមែនជាសមាជិក OPEC ក្នុងរក្សាការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់យើង និងត្រៀមខ្លួនដើម្បីដំណើរការយ៉ាងសកម្ម ស្របពេលដែលលក្ខខណ្ឌទីផ្សារ មានការធានា»៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី